ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តសៀមរាបមានសភាពធូរស្រាលជាងមុន

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

 

សៀមរាប៖ មកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តសៀមរាប មានសភាពធូរស្រាលជាងមុនបន្តិច បើសិនមិនមានភ្លៀងបន្តធ្លាក់ទេនោះ ស្ថានភាពនឹងវិលទៅរកភាពប្រក្រតីឡើងវិញឆាប់ៗនេះ។

   អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

    លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្តាស្រុកមួយចំនួន នៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តសៀមរាប បានធូរស្រាលហើយ ប៉ុន្តែទឹកបានហូរស្រុងមកផ្នែកខាងក្រោម ធ្វើឱ្យឃុំមួយចំនួន របស់ស្រុកក្រឡាញ់ ស្រុកពួក និងស្រុកជីក្រែង បាននិងកំពុងបន្តជន់លិច។ ដោយអាជ្ញាធរបានយកចិត្តទុកដាក់ និងតាមដានស្ថានភាពទឹកនេះជាប្រចាំ។

 លោកបន្តថា បើមិនមានភ្លៀងបន្តធ្លាក់ទៀតទេនោះ ពីរទៅបីថ្ងៃខាងមុខ ស្ថានភាពទឹក និងធូរស្រាលឡើងវិញ អាចវិលទៅរកសភាពធម្មតាបាន។

លោកបន្តទៀតថា អាជ្ញាធរខេត្តក៏កំពុងតាមដាន ពីការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីការមកដល់នូវព្យុះថ្មីមួយទៀត នៅព្រះរាជាណា ចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដូច្នេះបើសិនមានភ្លៀងនៅបន្តធ្លាក់បណ្តាស្រុកមួយចំនួនរបស់ខេត្តសៀមរាបនឹងបន្តជន់លិច។

សំឡេង៖រហូតដល់ខ្ទង់ថ្ងៃទី២៦ម្សិលមិញស្ថានភាពទឹកដូចនៅតាមស្រុកមួយចំនួនធំបានស្រកខ្លះ តែទឹកបានស្រកមកនៅខាងក្រឡាញ់ ដោយឃុំមួយចំនួនឃុំខ្លះបានស្រក ឃុំខ្លះបានកើន ព្រោះដោយសារទឹកបានស្រកទៅ ក្នុងករណីមិនមានភ្លៀងជាប់ៗគ្នា ពីរទៅបីថ្ងៃទឹកនឹងអាចធូរស្រាលបានច្រើន។ តែយើងកំពុងរង់ចាំមើលការព្យាករណ៍របស់ក្រសួងធនធានទឹក ដែលប្រកាសពីការមកដល់ព្យុះថ្មីមួយទៀត ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០នេះថា នឹងមានភ្លៀងធ្លាក់ អ៊ីចឹងបើសិនជាភ្លៀងនៅធ្លាក់ខ្លាំង ទឹកនៅស្រុកមួយ ចំនួននៅអាចជន់ជាពិសេសគឺក្រឡាញ់ និងពួក និងផ្នែកនៅជីក្រែង ព្រោះស្រីស្នំនិងអង្គរជុំទឹកបានធូរស្រាលមួយកម្រិតធំដែរ ទឹកបានស្រក។

សូមជម្រាបផងដែរថា ទោះបីស្ថានភាពទឹកមានការថមថយ តែអាជ្ញាធរស្រុក ឃុំ ភូមិ កំពុងយកចិត្តទុកដាក់ខ្ពស់ និងបន្តការតាមដានស្ថានភាពទឹក និងបានត្រៀមកម្លាំងអន្តរាគមន៍ ត្រៀមទីទួលសុវត្ថិភាព និងមធ្យោបាយផ្សេងៗ រួចជាស្រេច ដើម្បីជួយអន្តរាគមន៍ចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ៕IMG_20220927_172750_128IMG_20220927_172742_807IMG_20220927_172740_297

Comments

Related posts