ភ្ញៀវទេសចរមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរមានការយល់ដឹង និងចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថានបានល្អ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

 

MC. ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋានអង្គរនាថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ មានការយល់ដឹងច្រើន និងចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន។

   អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

    លោកឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនាតាមប្រាសាទបុរាណនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ ភាគច្រើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងនោះ មានការយល់ដឹងច្រើន និងបានចូលរួមជាមួយក្រុមការងារប្រចាំការតាមគោលដៅនានា ក្នុងការថែរក្សា របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ការចតយានជំនិះ និងការទុកដាក់សំរាមក្នុងតំបន់អង្គរ។

លោកបន្តថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការចតយានជំនិះនិងអនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យតំបន់អង្គរទាំងមូល រក្សាបាននូវភាពស្រស់ស្អាត សក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានោះ ការចូលរួមរបស់បងប្អូនភ្ញៀវទេសចរទាំងអស់ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរ។

 

សំឡេង៖"ចំពោះអាប្បកិរិយារបស់ភ្ញៀវយើងឃើញថាគាត់មានការយល់ដឹងច្រើន គាត់ស្វែងយល់អំពីអ្វីដែលមាននៅទីនេះ បានន័យថាកាលដែលយើងបានរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយល្អ ជូនគាត់អ៊ីចឹងគាត់ក៏បានចូលរួមជាមួយយើងក្នុងការធ្វើយ៉ាងណា រៀបចំនូវសណ្តាប់ធ្នាប់ អនាម័យឱ្យបានល្អប្រសើរដែរ។ បានន័យថាគាត់អនុវត្ត ស្របតាមការណែនាំរបស់ក្រុមការងារដែលនៅហ្នឹងកន្លែង ទី២ អំពីបរិស្ថានអនាម័យ យើងឃើញថានៅតែមានបងប្អូនយើងមួយចំនួន គឺគាត់បានយកសំរាមទៅចោលនៅទីតាំងដែលយើងបានកំណត់ ជាទីកន្លែងសំរាមអីជូនគាត់ទេ គឺគាត់ដាក់ទុកចោលតែពាស ប៉ុន្តែជាទូទៅឃើញថាមានការល្អប្រសើរជាងមុនឆ្ងាយ"។

  សូមជម្រាបផងដែរថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសនៃថ្ងៃឈប់សម្រាក ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ មានភ្ញៀវទេសចរចំនួនប្រមាណ ១៤៣.៤៧០នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១៤០.០០០ នាក់ និង ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣.៤៧០ នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត រួមមាន ៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៤.៦០០ នាក់ , តំបន់ទន្លេសាបមានចំនួនប្រមាណ ១៥.០០០ នាក់ និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥.៤០០ នាក់ ៕IMG_20220927_173009_939IMG_20220927_173001_439

Comments

Related posts